រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ នៅថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ នៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុត ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេស គឺជាការ បាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូប្រយុទ្ធជាមួយខ្មាំងសៀម ដែលកំពុងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ការតស៊ូប្រយុទ្ធដ៏អង់អាចក្លាហាន និងស្វិតស្វាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រឆាំងជាមួយពួកចោរសៀម បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចង់ចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា នឹងចង់ចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងសូមចូលរួមរំលែកមរណទុក្ខប្រកបដោយក្តីសោកស្រេងជាទីបំផុតជាមួយ លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ព្រមទាំងបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕