(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ នឹងត្រូវរៀបចំតាមកាលបរិច្ឆេទចាស់ ពោលគឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ធម្មតាឡើងវិញ ក្រោយបទឈប់បាញ់ រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមាន កាលពីម៉ោង ១២៖០០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងដល់អត្តពលិកជាតិ-អន្ដរជាតិទាំងអស់ថា «សូមជម្រាបជូនអ្នករត់ប្រណាំងជាតិ និងអន្ដរជាតិ មេត្ដាជ្រាបថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងចក្រភពអង្គរ លើកទី១០ គ្រោងធ្វើថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ នឹងរក្សានូវពេលវេលាកាលបរិច្ឆេទដដែល ដោយសារស្ថានការណ៍ព្រំដែនត្រូវបានបញ្ចប់ភាពតានតឹងជាស្ថាពរ ។ សូមអបអរសាទរ និងសង្ឃឹមថា អ្នករត់ជាតិ-អន្ដរជាតិទាំងអស់ ចូលរួមឲ្យបានកុះករ»។
សូមជម្រាបថា បទឈប់បាញ់ រវាងរដ្ឋាភិបាលកម្ពុជា-ថៃ ត្រូវបានឯកភាពគ្នា ក្នុងកិច្ចប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ រវាងមេដឹកនាំកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហើយដោយមានការចូលរួមជាសាក្សីពីតំណាងសហរដ្ឋអាមេរិក និងចិន៕