លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅ ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹក ចំនួន២,៤០០គ្រួសារ ស្មើនឹង៨,៣៣៥នាក់ ដែលកំពុងប្រមូលផ្តុំ នៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំង ស្ថិតក្នុងខេត្តសៀមរាប។
ទីតាំង៣នេះ រួមមាន៖ មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន១,០០០គ្រួសារ ស្មើនឹង៣,៨៦៨នាក់ មណ្ឌលសុវត្ថិភាព ស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ មានចំនួន៤០០គ្រួសារ ស្មើនឹង១,២៨៩នាក់ និងមណ្ឌលសុវត្ថិភាព ស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន១,០០០គ្រួសារ ស្មើនឹង៣,១៧៨នាក់។
ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២,៤០០គ្រួសារ នូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើម ដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយ ការលំបាកនៅចំពោះមុខមួយគ្រានេះ។
ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹកដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នា ក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។
ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀត ជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ៕