ឯកឧត្តមរដ្ឋមន្ត្រី កែវ​ រតនៈ​ ចាត់ឱ្យអគ្គិសនីកម្ពុជា ចុះរៀបចំតបណ្តាញអគ្គិសនី និងអំពូលបំភ្លឺនៅទីតាំង​ជនភៀសសឹកស្នាក់នៅ


តំណាងឯកឧត្តម កែវ​ រតនៈ​​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​​ និងថាមពល ដឹកនាំដោយឯកឧត្តមបណ្ឌិត​ ប្រាំង ជលសា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជា​អគ្គនាយកអគ្គិសនីកម្ពុជា​​ និងសហការី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះបានចុះពិនិត្យទីតាំង​បងប្អូនជនភៀសសឹក និងបានរៀបចំតបណ្តាញអគ្គិសនី និងអំពូលបំភ្លឺនៅទីតាំង​បងប្អូនជនភៀសសឹក ដែលរងគ្រោះពីសង្គ្រាមនៅតំបន់បាត់ថ្កៅ ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ ដើម្បីសម្រួលដល់ការរស់នៅ​ ការប្រើប្រាស់ក្នុងពេលស្នាក់នៅ បណ្តោះអាសន្ននៅ​ទីសុវត្ថិភាពដល់ប្រជាពលរដ្ឋ​ និងសម្រួលដល់សន្តិសុខ​សណ្តាប់​ធ្នាប់។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា បន្តរៀបចំដល់តំបន់​បងប្អូនភៀសសឹកផ្សេងៗទៀត​ ដែលមានគោលការណ៍ដូចគ្នា។

បន្ថែមពីនេះប្រតិភូអគ្គិសនីកម្ពុជា ក៏បានចុះសួរសុខទុក្ខកងកម្លាំង​ក្នុងកងពល និងបងប្អូនយុទ្ធជនផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​​ និងនាំយកអំណោយជា​សម្ភារៈ​ គ្រឿងឧបភោគ​-បរិភោគ​ និងថវិកា ជូនដល់កងពលតូចថ្មើជើងលេខ៤២ និងវរសេនាតូចលេខ៧០២​ និងកងពលតូចអន្តរាគមន៍លេខ១៤​ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

ព្រមទាំងបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំនិយោជិតកម្មករទាំងអស់របស់អគ្គិសនីកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់ ដោយបង្ហាញអំពីការសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ។

បន្ថែម​ពីនេះឯកឧត្តមបណ្ឌិត បានជម្រាបជូនអំពីសភាពការនៅសមរភូមិមុខ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចា រកសន្តិភាពបញ្ចប់សង្គ្រាម ​ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋអាចនឹងវិលត្រឡប់ ទៅលំនៅដ្ឋានវិញក្នុងពេលឆាប់ៗនេះ៕