លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យវិស័យឯកជន នៃប្រទេសកម្ពុជា និងចិន ទាញយកប្រយោជន៍ ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរ ជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ដែលទើបបញ្ចប់ការចរចាតម្លើងកម្រិត និងគ្រោងចុះហត្ថលេខា ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំលើកទី២ នៅដើមខែកញ្ញា ឆ្នាំ២០២៥នេះ។ នេះការគូសបញ្ជាក់បន្ថែម របស់លោកស្រី ចម និម្មល។
ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុង «វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្ម កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងលោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
វេទិកានេះ ក៏មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជន កម្ពុជា និងចិន ជាច្រើនរូប។ វេទិកានេះ បានរៀបចំធ្វើឡើង នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចំពោះកិច្ច ដើម្បីសិក្សា និងជំរុញការសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន របស់ក្រសួងពាណិជ្ជកម្ម និងក្រុមការងារ របស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការរៀបចំ កម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
លោកជំទាវបន្ដថា វេទិកានេះ ពិតជាមានសារៈសំខាន់ ក្នុងការជំរុញពន្លឿន ការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅកម្ពុជា និងនៅចិន ស្របតាមស្មារតី នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងសួនឧស្សាហកម្ម កម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខា ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីចិន កាលពីខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ក៏បានលើកទឹកចិត្ត ឱ្យក្រុមការងារចម្រុះសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ឱ្យបានជាប្រចាំ និងញឹកញាប់ទាំងនៅកម្ពុជា និងនៅចិន ដើម្បីបង្កើនឱកាស ក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ។
លោកជំទាវបានជំរុញ និងលើកទឹកចិត្ត ឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្ម ឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យ មានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្ម នៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសចូលរួមធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម ចំនួន៩ រវាងក្រុមហ៊ុនកម្ពុជា និងចិន ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗ ដូចជា៖ ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕