ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឲ្យដឹងថា កម្ពុជាច្រានចោលព័ត៌មានទាំងឡាយណា ដែលថា កម្ពុជារំលោភបំពានបទឈប់បាញ់ ខណៈដែលកម្ពុជាបានចាត់ទុកថា បទឈប់បាញ់នេះ សំខាន់ណាស់សម្រាប់សន្តិភាពសម្រាប់កម្ពុជា និងក្នុងតំបន់។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ប៉ែន បូណា អញ្ជើញចូលរួមសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនអំពីគោលជំហដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀង ឈប់បាញ់គ្នាជាបន្ទាន់ ហើយនិងគ្មាន លាក់ខណ្ឌ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី ហើយបានចូលជាធរមាន កាលពីពាក់កណ្តាលអាធ្រាត ម៉ោង២៤ យប់មិញនេះ»។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងនេះ មានតម្លៃជាសារវន្ដ សម្រាប់ការថែរក្សាសន្ដិភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាសន្ដិភាព ស្ថេរភាព នៅក្នុងតំបន់។
បន្ថែមពីនោះទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាប្រទេសដែលស្រលាញ់សន្ដិភាព និងគោរពច្បាប់អន្ដរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានគោរពកិច្ចព្រមព្រៀងនេះ យ៉ាងខ្ជាប់ខ្ជួន និងបានណែនាំឲ្យកងកម្លាំងប្រដាក់អាវុធជួរមុខទាំងអស់ស្ងប់ស្ងាត់ និងអន់ធ្មន់ខ្ពស់បំផុត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធចំពោះរាល់ព័ត៌មានទាំងឡាញណា ដែលចោទប្រកាន់កម្ពុជាថា បានបំពានបទឈប់បាញ់ និងចាត់ទុកព័ត៌មានទាំងនោះថា ជាព័ត៌មានមិនពិត ប្រឌិត ចោទប្រកាន់ ដែលមិនផ្ដល់ផលចំណេញ ទៅដល់ការថែរក្សាកិច្ចព្រមព្រៀងឈប់បាញ់ ដែល កម្ពុជា-ថៃ បានព្រមព្រៀងគ្នានោះឡើយ។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់គ្នា ពិតជាមានសារសំខាន់ណាស់ ដែលត្រូវអនុវត្ដឲ្យមានប្រសិទ្ធភាព ពីព្រោះវាមិនត្រឹមតែ ដើម្បីរក្សាសុខសន្ដិភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ តែប៉ុណ្ណោះទេ ក៏ប៉ុន្ដែក៏ដើម្បីធានានិរន្ដរភាព នៃសុខសន្ដិភាពក្នុងតំបន់ឲ្យបានយូរអង្វែងផងដែរ។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាល ទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
៥ថ្ងៃក្រោយ បន្ទាប់ពីជំនួបនៅប្រទេសម៉ាឡេស៊ី ប្រមុខដឹកនាំកម្ពុជា និងថៃ បានយល់ព្រមដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយអនុវត្តចាប់ពីកណ្តាលអាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជំនួបនេះ ត្រូវបានផ្តួចផ្តើមគំនិតសម្របសម្រួល ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន លោក Anwar Ibrahim និងលោកប្រធានាធិបតី Donald Trump ខណៈរដ្ឋាភិបាលចិន បានគាំទ្រលើកទឹកចិត្ត និងចូលរួមយ៉ាងសកម្មគាំទ្រ ដល់ជំនួបពិសេសនេះ៕