ឯកឧត្តម កែ គឹមយ៉ាន សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសពីតំបន់ជាប់ព្រំដែន មកកាន់ទីកន្លែងសុវត្ថិភាព


នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសពីតំបន់ជាប់ព្រំដែនមកកាន់ទីកន្លែងសុវត្ថិភាព នៅវត្តរស្មីសាមគ្គីស្តៅ ស្ថិតនៅភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ។

ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យថែរក្សាសុខភាព អនាម័យ «ហូបស្អាត រស់នៅស្អាត» ចូលរួមតាមដាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ឲ្យបានជាប់ជាប្រចាំសំដៅប្រសិទ្ធភាពក្នុងការដោះស្រាយ ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំដោះស្រាយបញ្ហាជាតិដ៏ធំមួយនេះ ហើយកុំមានគំនិតរើសអើងជាតិសាសន៍ណា ដែលគេហើយល្អនៅជាមួយយើង «កម្ពុជាប្រទេសតូចបេះដូងធំ»

ក្នុងឱកាសនោះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយមួយចំនួន ផ្ដល់ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។

នៅល្ងាចដដែលនោះ បន្ទាប់ពីកម្មវិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចប់ ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារបន្តអញ្ជើញសួរសុខទុក្ខគ្រួសារសព លោកវរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតក្នុងសមរភូមិ ក្នុងបុព្វហេតុជាតិមាតុភូមិ នៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយនឹងការចូលរួមនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងបានបួងសួងដល់វត្ថុសាកសិទ្ធិ ក្នុងលោកពាំនាំយួរដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយវីរភាពដ៏អង់អាចក្លាហាន និងពលិកម្មរបស់លោកវរសេនីយ៍កូនខ្មែរ នឹងចងចាំ៕