រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប


បន្ទាប់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងប្រជាពលរដ្ឋ នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅខេត្តព្រះវិហារកាលពីម្សិលមិញ, នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបានបន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរភាពកងទ័ព និងសម្តែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលពិតជាកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយបន្ទាប់ ឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយសេចក្តីស្រឡាញ់ និងអាណិតអាសូរ។

បន្ថែមពីនេះ ក្រសួងសុខាភិបាល តាមរយៈ ឯកឧត្តមសាស្ត្រាចារ្យ ចុះផ្ទាល់ បានប្រគល់បន្ថែមជូនសម្ភារ:បរិក្ខារពេទ្យសម្រាប់ការពង្រីកសមត្ថភាពព្យាបាលឱ្យបានកាន់តែទូលំទូលាយ ដើរតួនាទីជាមន្ទីរពេទ្យកម្រិតតំបន់ ដែលមានសមត្ថភាពខ្ពស់ ក្នុងផ្តល់រោគវិនិច្ឆ័យ និងសមត្ថភាពព្យាបាលប្រហាក់ប្រហែលមន្ទីរពេទ្យជាតិ៕