អភិបាលខេត្តស្វាយរៀង នាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគជាច្រេីនមុខនិងថវិកា​មួយចំ​នួនបានយកមកប្រគល់ជូនវីរកងទ័ពព្រំដែនជួរមុខ និងទីតាំងជនភៀសខ្លួននៅខេត្តឧត្តរមានជ័យ


នៅថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំប្រតិភូខេត្តនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជន​ឧត្ថម្ភដល់សមរភូមិមុខនៅទិសទី៣ និងកងពលតូចលេខ៦​ និងបានបន្តដំណេីរនាំយកអំណោយ​និងវិកាចុះសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងទីតាំងជនភៀសខ្លួនស្ថិតនៅទីតាំងវត្តពុទ្ធិជោត មហាវ័ន្តតារៈតាប់ផ្តៅ ស្រុកចុងកាល់​ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អភិបាល​ នៃគណៈអភិបាលខេត្តឧត្តរមានជ័យ​ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

 

ឯកឧត្តម​អភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តស្វាយរៀង ដេីម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងនាមខ្មែររួមឈាមតែមួយ។

 

សូមជម្រាបជូនថា​ អំណោយដែលរដ្ឋបាលខេត្តស្វាយរៀងបាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ទឹកសុទ្ធ ទឹកក្រូច មី ភួយមុង សំលៀកបំពាក់​ អំបុក​ សម្ភារប្រើប្រាស់ផ្សេងៗជាច្រេីនទៀត​ និងថវិកាផងដែរ។