(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអបអរសាទរខួបលើកទី១៦ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៥)។
បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។
បណ្ណសារសារមន្ទីរទួលស្លែង ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើឧក្រិដ្ឋកម្មកើតឡើង ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរទទួលបានការសម្របសម្រួលជាច្រើនពីសហគមន៍អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសអង្គការ KOICA តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្ស និងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារ តាមប្រព័ន្ធអ៊ីធឺណិត។
សូមជម្រាបថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) ជាបូជនីយដ្ឋានមួយ ក្នុងចំណោមបូជនីយដ្ឋានទាំង៣របស់កម្ពុជា ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចុះជា «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេចលេខ 47 COM 8B.14 ក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង។
ទីតាំងឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីតមន្ទីរឃុំឃាំងម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) ត្រូវបានចុះជា «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕