សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៦ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអបអរសាទរខួបលើកទី១៦ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៥)។

បណ្ណសារ​សារមន្ទីរ​ទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សា​អន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។

បណ្ណសារសារមន្ទីរទួល​ស្លែង ​ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើឧក្រិដ្ឋកម្ម​កើតឡើង ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរទទួលបានការសម្រប​សម្រួល​ជាច្រើនពីសហគមន៍​អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសអង្គការ KOICA តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្ស និងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារ តាមប្រព័ន្ធអ៊ីធឺណិត។

សូមជម្រាបថា សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) ជាបូជនីយដ្ឋានមួយ ក្នុងចំណោមបូជនីយដ្ឋានទាំង៣របស់កម្ពុជា ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក ចុះជា «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេចលេខ 47 COM 8B.14 ក្នុង​សម័យប្រជុំ​លើក​ទី៤៧ ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៥ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង។

ទីតាំង​ឧក្រិដ្ឋកម្ម​ក្នុងរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត​មន្ទីរ​ឃុំឃាំងម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​) ត្រូវបានចុះជា «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ៕