ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាស្នើសុំឱ្យមានការផ្តល់ពានរង្វាន់ «ណូបែលសន្តិភាព» ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបញ្ចប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ


ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជានឹងស្នើសុំឱ្យមានការផ្តល់ពានរង្វាន់ «ណូបែលសន្តិភាព» ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ​ ដើម្បីជាការអរគុណ ចំពោះការខិតខំប្រឹងប្រែង របស់លោក​​ដែលបានចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។

ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩%​ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។​​

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនត្រឹមតែ​ជួយឱ្យមានកិច្ចព្រមព្រៀមបទឈប់បាញ់នោះទេ ថែមទាំង​នឹងបន្តតាមដានជំរុញឱ្យមានសន្តិភាពដូចដើមវិញ​ មុនថ្ងៃចាប់ផ្តើមជម្លោះរវាងកម្ពុជា និងថៃ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមយើងខ្ញុំជាពលរដ្ឋខ្មែរ សូមកោតសរសើរថ្លែងអំណរគុណទៅឯកឧត្តមប្រធាធិបតី ប្រធាធិបតីសន្តិភាព ដែលយើងខ្ញុំយល់ឃើញថា យើងត្រូវតែស្នើសុំដើម្បីឯកឧត្តមប្រធាធិបតីដូណាល់ ត្រាំ ទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព»

សូមជម្រាបថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ​ លោកប្រធាធិបតីដូណាល់ ត្រាំ បានសរសេរនៅលើ បណ្តាញសង្គម​ Truth Social ​របស់លោក ដោយបានបញ្ជាក់ថា លោកបានទូរសព្ទ​មកនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្រ្តីស្តីរបស់ថៃ លោកភូមិថាម វីឆាយ៉ាឆៃ ដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៥។

តាមរយៈការចូលអន្តរាគមន៍របស់លោក និងក្រោមការសម្របសម្រួលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន កម្ពុជា និងថៃបានចូលរួមកិច្ចប្រជុំ​ពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេច​បទឈប់បាញ់បន្ទាន់ ដោយភាគីទាំងពីរបានឯកភាពនូវបទឈប់បាញ់ នៅវេលាម៉ោង១២ រំលងអាធ្រាត ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥​ ដែលធ្វើឱ្យការប្រយុទ្ធគ្នារវាងភាគីទាំងពីរស្ងប់ស្ងាត់ឡើងវិញ។ ​

ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​​បានអះអាងថា នេះគឺជាលទ្ធផលនៃការចូលរួមរបស់លោកផ្ទាល់ និងបានលើកឡើងបន្ថែមថា «ខ្ញុំមានក្តីរីករាយសូមប្រកាសថា បន្ទាប់ពីការចូលរួមរបស់ខ្ញុំ ​ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាព»។ លោកក៏បានអបអរសាទរគ្រប់គ្នា និងបានអះអាងថា «តាមរយៈការបញ្ចប់សង្គ្រាមនេះ យើងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់»

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ដោយសារបទឈប់បាញ់នេះ​ លោកបញ្ជាឲ្យក្រុមការងារពាណិជ្ជកម្មរបស់លោកចាប់ផ្តើម ការចរចាជាមួយប្រទេសទាំងពីរឡើងវិញ៕