ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ និងជាអ្នកមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ជិត២០០នាក់ ចុះផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងស្រុកវាលវែង


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ តាន់ សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ និងជាអ្នកមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ជិត២០០នាក់ ចុះផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុបប្រមាណជាង៨០០នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋម ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ក្រោមគំនិតផ្តួចផ្តើម របស់លោកស្រីវេជ្ជបណ្ឌិត. តាន់ ឥន្ទដ្រាវីណា – dr. vina ព្រមទាំងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនពុកម៉ែប្រជាពលរដ្ឋ តាមរយៈមូលនិធិកៀរគររបស់លោកស្រីផងដែរ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរ និងសូមថ្លែងអំណរគុណជូនចំពោះក្មួយស្រី តាន់ សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម និងចៅស្រី វេជ្ជបណ្ឌិត. តាន់ ឥន្ទដ្រាវីណា – dr. vina ដែលបានចុះពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋស្រុកវាលវែង ដែលជាស្រុកស៊ីស គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាឱកាសនេះ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកសុខភាព សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ ដើម្បីជួយសម្រាលការលំបាក និងមិនចំណាយថវិកាទៅព្យាលបាល នៅតាមមន្ទីរពេទ្យនានា។

ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះក្មួយៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ និងជាអ្នកមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងជាទង្វើដ៏ល្អប្រពៃ ចាត់ទុកថា ជាអ្នកគិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋពិតប្រាកដមែន។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ តាន់ សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានថ្លែងថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាឱកាសនេះ គឺជាគំនិតផ្តួចផ្តើម របស់កូនស្រីវេជ្ជបណ្ឌិត. តាន់ ឥន្ទដ្រាវីណា – dr. vina ដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ លើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវបន្ថែមថា ការចុះមកដល់ពេលនេះ គឺលោកស្រីមានអារម្មណ៍រំភើប ដែលបានមកទឹកដីស្រុកកំណើត ហើយទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់ លោកពូ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោកជំទាវបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ និងជាអ្នកមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ នាឱកាសនេះ រួមមាន៖ ការពិនិត្យ និងពិគ្រោះជំងឺទូទៅ ការអប់រំសុខភាព ការធ្វើតេស្តឈាម វាស់សម្ពាធឈាម ស្វែងរកជាតិស្ករ ទឹកនោមផ្អែម ការព្យាបាលរបួស និងបើកថ្នាំជាដើម៕