ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បានឃើញនូវភាពសោកសៅ កើតចេញពីការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលនាំមកនូវជនរងគ្រោះ និងមានផលប៉ះពាល់មនុស្សធម៌យ៉ាងធំធេង។
ការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំឯកអគ្គរាជទូត រដ្ឋទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជា សួរសុខទុក្ខ និងចែកអំណោយដល់ជនភៀសសឹក កំពុងស្នាក់នៅនៅវត្តបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋ៦០០គ្រួសារ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវអ្វីដែលជម្លោះ ការប្រយុទ្ធគ្នាបាននាំមកប៉ុន្មានថ្ងៃថ្មីៗនេះ។ វាបាននាំមកនូវសេចក្តីសោកសៅ នាំមកនូវជនរងគ្រោះ និងមានផលប៉ះពាល់មនុស្សធម៌យ៉ាងធំធេង។ យើងក៏បានទៅទស្សនាកន្លែងជំរុំជនភៀសខ្លួនមួយចំនួនផងដែរ ហើយជាក់ស្តែងមានតម្រូវការសំខាន់ៗដែលចាំបាច់ត្រូវដោះស្រាយ»។
ឯកអគ្គរដ្ឋទូតបានថ្លែងបន្ថែមទៀតថា «នេះជាមូលហេតុដែលចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នាតាមព្រំដែន យើងបានអំពាវនាវឱ្យមានការបញ្ឈប់អរិភាព និងបានអំពាវនាវរកដំណោះស្រាយការទូត ហើយយើងពិតជារីករាយណាស់ដែលឃើញការអំពាវនាវនោះត្រូវបានគេយកចិត្តទុកដាក់ ហើយកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបញ្ចប់នៅទីក្រុងកូឡាឡាំពួរ ដោយសារការសម្របសម្រួល និងការជួយសម្រួលពីប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ី។ អ្វីដែលសំខាន់ឥឡូវនេះគឺការគោរពបទឈប់បាញ់ ការអនុវត្តដោយសុឆន្ទៈពីភាគីទាំងពីរ ហើយយើងអាចត្រឡប់ទៅរកដំណោះស្រាយការទូតប្រកបដោយនិរន្តរភាពវិញ, សូមអរគុណ»៕