អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ សួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ជូន កងទ័ពនៅបញ្ជាការដ្ឋានភូមិភាគ៣ ខេត្តកោះកុង


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃ សៅរ៍ ទី ២ ខែ សីហា ឆ្នាំ ២០២៥នេះ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន កងទ័ពនៅ បញ្ជាការសមរភូមិទិសយោធភូមិទី៣ ស្ថិតនៅខេត្តកោះកុង ។ អញ្ជើញទទួលគណៈប្រតិភូមានល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និង លោកឧត្តមសេនីយ៍ទោ មេបញ្ជាការយោធភូមិទី៣ និងវត្តមានថ្នាក់ដឹកនាំ ជាច្រើនរូបផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ បានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពដែលបានលះបង់គ្រប់បែបយ៉ាងជាពិសេសលះបង់អាយុជីវិតដើម្បីការពារបូរណភាពទឹកដីមិនឲ្យសត្រូវចូលមកឈ្លានពានបានឡើយ។
ឯកឧត្តម វ៉ី សំណាង បានមានប្រាសាសន៍បន្តថា គំរូវីរភាពព្រះអង់អាចក្លាហានរបស់កងទ័ពនៅសមរភូមិមុខបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយជាពិសេសប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូលមានការគោរពស្ងប់ស្ងែងហ្នឹងបាននាំគ្នារៃអង្គាសសម្ភារៈថវិកាគ្រប់បែបយ៉ាងនាំយកមកផ្ដល់ជូនអាជ្ញាធរខេត្តដើម្បីបន្តយកមកចែកជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ។
អំណោយសម្ភារៈ ថវិកា និងគ្រឿងឧបភោគ ដែលបាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងគណប្រតិភូ នាំយកមក នាពេលនេះរួមមាន៖ ស៊ីម៉ង់ ១០០តោន, ដែក ៣ តោន, ពងទា ៣,០០០គ្រាប់, ត្រីងៀត ៣០០គីឡូ, នំអាហារក្រៀម ៥ កេស, ក្រូចក្រហម ១០០គីឡូ, ប៉ិគួក ១០០គីឡូ, ដំឡូងជ្វា ១០០គីឡូ, ស្រកានាគ ២០០គីឡូ, អង្ករ ពីរតោន និងថវិកា ៤០.០០០.០០០ លានរៀល ៕