សហគមន៍ខ្មែរនៅកូរ៉េប្រមាណជិត២ពាន់នាក់ ប្រមូលផ្តុំអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព និងអំពាវនាវឱ្យថៃយល់ព្រមទៅតុលារការអន្តរជាតិ


សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ០០០នាក់បានប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍សម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃយល់ព្រមទៅតុលារការអន្តរជាតិ។

តាមរយៈព្រឹត្តិការណ៍នេះ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ក៏បានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព ព្រមទាំងស្នើឱ្យសហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិបន្តជួយឃ្លាំមើលបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

ជាមួយគ្នានោះ តាមរយៈព្រឹត្តិការណ៍សម្តែងមតិរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ បានជំរុញឱ្យប្រទេសថៃយល់ព្រមទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការអន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។

ទន្ទឹមគ្នានោះសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានថ្លែងការអរគុណដល់វីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយក្នុងបុព្វហេតុការបារជាតិមានតុភូមិបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ បន្តរួបរួមសាមគ្គី ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យបានទ្វេដង ដើម្បីកម្ពុជាខ្លាំង ដើម្បីកម្ពុជាឯករាជ្យ៕