ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាគថវិកាចំនួន ១០លានរៀល ទឹកបរិសុទ្ធ ១០០កេស មី ១០០កេស ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនាំទៅប្រគល់ជូនដល់វីរកងទ័ពកម្ពុជា នៅសមរភូមិជួរមុខ។
គួរឱ្យដឹងថា ក្រុមការងារអាវុធហត្ថ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត ព្រមទាំងបងប្អូនសប្បុរសជនបានត្រៀមរៀបចំនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងឱសថជាច្រើនមុខ សម្រាប់ចែកជូនដល់កងទ័ពជួរមុខ និងជនភៀសសឹកចំនួន ១,៣០០គ្រួសារនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។
ការរៀបចំនេះ គឺបង្ហាញពីការលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់វីរៈយុទ្ធជនទាំងអស់ដែលបាននឹងកំពុងលះបង់អាយុជីវិតការពារបូរណភាពទឹកដីនៅក្នុងសមរភូមិ រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាពេលថ្មីៗកន្លងទៅនេះ និងបន្តការពារបូរណភាពទឹកដីយ៉ាងរឹងមាំទៀតផង។
ជាមួយគ្នានេះ សូមប្រសិទ្ធិពរជ័យដល់វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងទាំងអស់ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនៅគ្រប់គោលដៅ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ យ៉ាងអង់អាចក្លាហាន សូមឱ្យជួបតែសេចក្តីសុខ និងមានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា៕