នៅក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំងឡសម្ងួត និងឃ្លាំងស្តុកដែលទទួលទិញកសិផលពីប្រជាកសិករ នៅស្រុកសាលាក្រៅ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឱ្យទីផ្សារកសិផលរបស់ប្រជាកសិករកាន់តែមានភាពល្អប្រសើរឡើងធ្វើឱ្យឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងថា ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុង ការរកទីផ្សារកសិផល ជូនប្រជាពលរដ្ឋបើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយជាពិសេសត្រូវខិតខំរកដៃគូវិនិយោគ លើផ្នែកកសិកម្មព្រមទាំងលើកកម្ពស់ទីផ្សារ កសិផលឱ្យកាន់តែសម្បូរបែបដែលនេះជាឱកាសមួយ អាចជួយឱ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ។
លោកជំទាវបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោម ជាតិត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម, ការពង្រឹងគុណភាព, សុវត្ថិភាព ផលិតផលការកែច្នៃ និងការវេចខ្ចប់ជាដើម ដែលឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេសជាពិសេសត្រូវរៀបចំចងក្រង ផលិតផលក្នុងស្រុក ដែលមានសក្ដានុពល ក្នុងមូលដ្ឋានរបស់ខ្លួនដោយបញ្ចូលជាផលិតផល ភូមិមួយ ផលិតផលមួយ ស្របតាមគោលនយោបាយ ជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយសម្រាប់ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របពេលបងប្អូនពលករនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញដោយសារសង្គ្រាមឈ្លានពានដែលមានតម្រូវការការងារក្នុងស្រុកច្រើន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើដល់ស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបន្តខិតខំរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបញ្ហា ផលប៉ះពាល់បរិស្ថាន តាមសៃឡូ និងទីលានហាលកសិផលដូចជា៖ ជះក្លិន មិនល្អ និង បង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសត្រូវ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល តាមទីតាំងទិញ-លក់ កសិផលឱ្យមានភាពសុក្រឹត ត្រឹមត្រូវ និង អនុវត្តតាមផ្លូវច្បាប់ជាធរមានជៀសវាងការកេងចំណេញ ដោយ ប្រការណាមួយ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ។
បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត៖ ក្នុងខេត្តប៉ៃលិន បច្ចុប្បន្នមាន អាជីវកម្ម ឡសម្ងួត និងឃ្លាំងស្តុក (ទិញ-លក់ កសិផល ) មានចំនួន ៤៣កន្លែង ក្នុងនោះឡសម្ងួតស្វ័យប្រវត្តចំនួន ១៦កន្លែង, ឡសម្ងួតបុរាណ ចំនួន ២៧កន្លែង និងឃ្លាំងស្តុកចំនួន ៣៤កន្លែង ដោយនៅឆ្នាំ២០២៥នេះ ទទួលទិញកសិផលពីប្រជាកសិករ រួមមានពោតក្រហមគ្រាប់ ចំនួន ១៥,៩៧០តោន, ដំឡូងមីស្រស់មានចំនួន ៤៦៦,៧៤០តោន, ដំឡូងមីស្ងួតមានចំនួន ២១០,០៣៣តោន ហើយបានធ្វើកិច្ចចុះកុងត្រាជាក្រុមហ៊ុន ស៊ីភីសាខាខេត្តប៉ៃលិន គឺពោតក្រហមគ្រាប់មានចំនួន ២២៨,០០០តោន និងដំឡូងមីស្ងួតមានចំនួន ២៦២,០០០តោន៕