អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ពីអាកាសចរណ៍ស៊ីវិលកម្ពុជា ត្រៀមរួចរាល់ សម្រាប់បើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ


ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រគល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ (CAIC) ដល់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការប្រារព្ធពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ គឺជាសក្ខីភាព និងសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌបច្ចេកទេស បានពេញលេញស្របតាមស្ដង់ដារ សុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិលបានត្រឹមត្រូវហើយ និងអាចបើកដំណើរការបាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាមផែនការគ្រោងទុក។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ អាចនឹងប្រើ​ប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរមិនក្រោម១,០០០នាក់នោះទេ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕