ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះនៅក្នុង ខណៈពេលដែលឯកឧត្តមចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៧៣ នាក់កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់បានគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារទឹកដី។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបង្ហាញពីជំហររបស់មន្រ្តីសុខាភិបាលទាំងអស់ ដែលប្រកាន់ជំហរឈរជាប់ជាមួយកងទ័ព តាមរយៈការបម្រើសេវាថែទាំសុខភាពដល់កងទ័ព ក្រុមគ្រួសារ និងប្រជាជនទាំងអស់ប្រកបដោយគុណភាព និងការយល់ចិត្ត។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខាភិបាល បានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាល របួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីគុណសម្បត្តិ៥ របស់អ្នកដឹកនាំល្អ ដែលរួមមាន៖(១)អ្នកដឹកនាំជាអ្នកដែលសមាជិកក្រុមអាចជួបនិយាយកិច្ចការជាមួយបាន (២)អ្នកដឹកនាំជាអ្នកដែលមានសមត្ថភាពស្តាប់ពីភាគីពាក់ព័ន្ធដើម្បីទទួលបានការពិត (៣)អ្នកដឹកនាំអាចមានសមត្ថភាពយល់ពីដៃគូរសន្ទនា (៤)អ្នកដឹកនាំមានការយល់ចិត្តចំពោះដៃគូរសន្ទនា និង (៥)អ្នកដឹកនាំជាអ្នកដែលលើកយកមនុស្សធម៌ជាធំ និង ប្រកបដោយសមហេតុសមផល។
នៅក្នុងសប្តាហ៍នេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យមានបទបង្ហាញពីមន្ទីរពេទ្យបង្អែកស្រែអំបិលនៃរដ្ឋបាលខេត្តកោះកុង។

.j.jpg)
.j.jpg)