មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តនាំយកស្បៀងជូនប្រជាជនភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនប្រមាណ ១២៦គ្រួសារ នៅមូលដ្ឋានខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖​ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ តំណាងឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងជូនស្បៀង​ដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនចំនួន ១២៦គ្រួសារ ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ដោយសារការបង្កហេតុ​និងការឈ្លានពានរបស់ថៃ។

ពិធីនេះ​ក៏មានការចូលរួមពីឯកឧត្តម អ៊ន​ ​ស៊ុំ សមាជិកព្រឹទ្ធសភា​, ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ងិន ឆាយ  និងលោកជំទាវ ហ៊ូ សុពណ៌ អនុប្រធានក្រុមការងារ​ ព្រមទាំងរដ្ឋបាលស្រុក​ និងឃុំក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះផងដែរ។

នាឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើការសួរ​សុខទុក្ខ​ និងការនឹករលឹករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី និងឯកឧត្តម​ ឌិត ទីណា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមើលថែទាំ​ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ​ ដើម្បីផ្តល់ភាពកក់ក្តៅ​ជូ​នបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជន​នៅសមរភូមិមុខដែលកំពុងការពារទឹកដី។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ​ និងកោត​សរសើរចំពោះរដ្ឋបាលខេត្ត​ ក្រុមការងារ​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ​ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា​ ជូនដល់ប្រជាពលរដ្ឋ​ ក្នុងគ្រាលំបាកនេះ​។​ ឯកឧត្តម បានលើកទឹកចិត្តបងប្អូនភៀសសឹកឱ្យអត់ធ្មត់ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី​ និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕