អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់កម្ពុជា ក្រោយដកបន្លាលួសរបស់ថៃ, កម្ពុជាចង់បានព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង ហើយនឹងពុះពារការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យខាងតែបាន


(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា​នឱ្យដឹងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នាព្រឹកនេះ មានសភាពស្ងប់ស្ងាត់ ដោយឡែកនៅតំបន់អាសេះ ក្រោយពេលដកបន្លាលួស ពេលនេះកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ភាគីកម្ពុជា។ លោកជំទាវ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បែបនេះថា «ចំពោះស្ថានភាពនៅតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល ដោយប្រុងប្រយ័ត្នខ្ពស់បំផុតដោយកងកម្លាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងពុត្រាចាយ៉ា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥»

លោកជំទាវ បានរំលឹកឡើងវិញអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដោយក្នុងនោះមានដូចជា៖ ទី១៖ បញ្ឈប់ការបាញ់គ្នា, ទី២៖ មិនឱ្យមានការចល័តឬបន្ថែមទ័ព, ទី៣៖ កងទ័ពប្រទេសទាំងពីរដែលឈរជើងកន្លែងណាត្រូវនៅកន្លែងនោះរាប់តាំងពីបទឈប់បាញ់ចូលជាធរមាន និងទី៤៖ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា។

លោកជំទាវ បានបញ្ជាក់បន្ថែមថា តាមរយៈការពុះពារ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ និងមិនប្រែប្រួលនូវជំហររបស់រាជរដ្ឋាភិបាល រួមជាមួយកងកម្លាំងប្រដាប់អាវុធក្នុងការគោរពអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់ នូវលក្ខខណ្ឌបទឈប់បាញ់ ដើម្បីឆ្ពោះទៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពឱ្យឆាប់រហ័ស។

«កងកម្លាំងកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ កម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងពុះពារលះបង់យ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន»។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ៕