(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ជាមួយភាគីថៃ ដោយមានការចូលរួមសង្កេតការណ៍ពីសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។
ដើម្បីឱ្យដំណើរការកិច្ចប្រជុំប្រកបដោយអព្យាក្រឹត្យ និងមានតម្លាភាព កម្ពុជាក៏បានស្នើឱ្យមានតំណាងពីសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់កម្ពុជា និងថៃ។ ចំពោះកម្ពុជា ភាគីទាំងបីប្រទេសគឺជាតួអង្គសំខាន់ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ។
ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានចូលជួបសម្តែងការគួរសមជាមួយលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មុននឹងចូលរួមនៃកិច្ចប្រជុំ GBC នៅរសៀលនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា «ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ»។
គួរជម្រាបថា ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។ កិច្ចប្រជុំលេខា GBC នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំ GBC គឺជាផ្នែកមួយបន្ទាប់ពីកម្ពុជានិងថៃ បានឯកភាពដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលចូលជាធរមាន នៅម៉ោង០០៖០១ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
គួររំលឹកថា ក្នុងកិច្ចប្រជុំ GBC លើកទី១៦ ឆ្នាំ២០២៤កន្លងទៅ ភាគីកម្ពុជា-ថៃ បានបន្តកិច្ចពិភាក្សាលើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ និងការបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន។ ដោយឡែកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ក៏បានរៀបចំកិច្ចប្រជុំពិសេសស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោយមានការចូលរួមពីតំណាងអាមេរិក និងចិនផងដែរ៕