(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាទាមទារឱ្យថៃបោះបង់ចោលព័ត៌មានមិនពិត ហើយវិលមករកកិច្ចសន្ទនាដើម្បីសន្តិភាព។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបានបន្ថែមថា កម្ពុជាបានកត់សម្គាល់យ៉ាងស្រងាកចិត្តនូវយុទ្ធនាការព័ត៌មានមិនពិត ដែលកំពុងដំណើរការដោយប្រទេសថៃ ក្នុងពេលដែលប្រទេសទាំងពីរកំពុងតែចូលរួមនៅក្នុងកិច្ចសន្ទនា សម្រាប់ការអនុវត្តដោយពេញលេញនូវបទឈប់បាញ់។ យុទ្ធនាការនេះ ត្រូវបានមើលឃើញថា ជាការបំភ័ន្តសហគមន៍អន្តរជាតិ ធ្វើការបកស្រាយដោយខុសឆ្គងនូវជំហរកម្ពុជា និងបង្វែងការចាប់អារម្មណ៍ ពីសកម្មភាពរបស់ខ្លួនផ្ទាល់។
អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអំពាវនាវឲ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយវិលត្រឡប់មករកកិច្ចសន្ទនា។ កម្ពុជា ទាមទារឲ្យប្រទេសថៃបោះបង់ចោលនូវសកម្មភាពផ្តល់ព័ត៌មានមិនពិត ហើយវិលត្រឡប់មករកកិច្ចសន្ទនា»។
ឯកឧត្តមបានបន្តថា កម្ពុជានៅតែតាំងចិត្តក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី និងយន្តការការទូត។ កម្ពុជាសូមអំពាវនាវចំពោះសហគមន៍អន្តរជាតិ ពិសេសប្រធានអាស៊ាន អាមេរិក និងចិន សូមគាំទ្រនូវយន្តការសត្យានុម័ត ដើម្បីត្រួតពិនិត្យសភាពការណ៍៕