(សៀមរាប)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានកោតសរសើរកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើជនភៀសសឹក និងប្ដេជ្ញាចិត្តបន្ដធ្វើជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដគាំទ្រឆ្លើយតបចំពោះការងារមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរបស់ពួកគាត់ដែលបានរងផលប៉ះពាល់ បន្ទាប់ពីការភៀសសឹកនេះ។
តាមរយៈការចុះពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN), ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
អង្គការសហប្រជាជាតិ បានស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹក បាននិងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួន កំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។
កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមាន ដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។ នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។
សូមជម្រាបថា ស្ថិតិស្ថានភាពជនភៀសសឹក ស្នាក់នៅក្នុងស្រុកសូទ្រនិគម (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥) ជនភៀសសឹកចូលមកស្នាក់នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម សរុបចំនួន៦៥២គ្រួសារ មនុស្ស២,២៧៦នាក់ (កុមារ៩៦៦នាក់, ចាស់ជរា១១០នាក់, ពិការភាព១៩នាក់ និងស្រីមានផ្ទៃពោះចំនួន៣១នាក់)។
ទីតាំងសុវត្ថិភាពបណ្តោះអាសន្ន (វត្តប្រាសាទបន្ទាយស្រី) ក្នុងភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលប្រតិភូចុះមកពិនិត្យនាពេលនេះមានចំនួន៦១៤គ្រួសារ មនុស្សសរុប១,៨៧៤នាក់ ស្រី១,០៤៩នាក់ កុមារ៨៥៧នាក់។
ដោយឡែក ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០គ្រួសារ ស្មើមនុស្សចំនួន១៧,០៦៤នាក់៕