អភិបាលខេត្តស្វាយរៀងចុះសួសុខទុក្ខវីរកងទ័ព​រងបួស​កំឡុងពេលសង្គ្រាមឈ្លានពានរបស់សៀម​ នៅទិសប្រាសាទតាមាន់ធំ​ ខេត្តឧត្តរមានជ័យ​


នារសៀលថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់វីរកងទ័ព​ដែលរងរបួស​ឈ្មោះ​ ស៊ឹម​ វាស្នាបម្រេីការងារនៅទីបញ្ជាការកងវិស្វកម្មផ្អាវ​ ខេត្តកំពង់ចាម​ ឈជេីងនៅសមរភូមិប្រយុទ្ធទិសប្រាសាទតាមាន់ធំ​ ខេត្តឧត្តរមានជ័យ ក្នុងកំឡុងពេលសង្គ្រាមឈ្លានពានរបស់សៀម។

ក្រោយពីវះកាត់​ និងការព្យាបាល​ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ សភាពជំងឺមានភាពធូស្រាលបន្តិច​ បច្ចុប្បន្នលោកបានសុំច្បាប់អង្គភាពមកលេងផ្ទះ​នៅស្រុកកំណេីតស្ថិតនៅភូមិក្រូច​ ឃុំជ្រុងពពេល​ ស្រុករំដួល​ ខេត្តស្វាយរៀង​ ។

នៅក្នុងពេលចុះសួសុខទុក្ខនេះដែ​រ​ ឯកឧត្តមអភិបាលបានសម្តែងនូវការគោរពកោតសរសើរម្តងហើយម្តងទៀតដល់​វីរៈកងទ័ព​ ស៊ឹម​ វាស្នា​ និងដឹងគុណដល់វីរភាពកងទ័ព​ទាំងអស់​ដែលបានរួមអាវុធ​ តស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណៈភាពទឹកដី និងសេចក្តីសុខ​របស់ប្រជាជនកម្ពុជា​ និងសម្តែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញតួនាទីជាកងទ័ពអាវសជួរក្រោយ​ ឈរលើស្មារតីសាមគ្គីភាព យកចិត្តទុកដាក់មិនរាថយ ថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់ អាណិតអាសូរ​ ជូនដល់វីរៈកងទ័ព​ និងប្រជាជនទូទៅរបស់យេីង។

ឯកឧត្តមបន្ថែមទៀតថា​ ជាការពិតណាស់ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ដែលទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព អរគុណសន្តិភាព។

ឯកឧត្តមអភិបាលខេត្តបាននាំមកនូវថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​,ថវិកាលោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​,​ថវិការដ្ឋបាលខេត្ត​ និងថវិកាចូលរួមឧប្ថម្ភរបស់មន្ទីរ/អង្គភាពនានាក្នុងខេត្តជូនដល់វីរកងទ័ព​ ស៉ឹម​ វាស្នា​ សរុបចំនួន ១១លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕