ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនជនចាស់ជរា ពលករចំណាកស្រុក និងប្រជាពលរដ្ឋភៀសសឹក ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ


នាព្រឹកថ្ងៃអាទិត្យ ១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទាំង៦ ក្នុងឃុំចំណាលើ ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ជនចាស់ជរា ប្រជាពលរដ្ឋភៀសសឹក និងបងប្អូនពលករចំណាកស្រុកដែលត្រលប់មកពីប្រទេសថៃវិញ ប្រមាណជាង ១០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ដែលតែងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការអភិវឌ្ឍស្រុកស្ទោងឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ បានបញ្ជាក់ឱ្យដឹងថា អំណោយដែលចែកជូនក្នុងឱកាសនេះ គឺឈរលើមូលដ្ឋានរួបរួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិខ្មែរ និងក្នុងស្មារតីចែករំលែក ខ្មែរជួយខ្មែរ ដែលផុសចេញពីទឹកចិត្តដ៏ស្មោះសររបស់ថ្នាក់ដឹកនាំ និងក្រុមការងារ ដើម្បីជួយសម្រួលដោះស្រាយបញ្ហាជីវភាពបងប្អូនដែលកំពុងជួបប្រទះការលំបាក និងបានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ និងការជឿជាក់លើវីរកងទ័ព និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕