ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា មូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ មិនត្រឹមតែមានចំណេះដឹងតែមួយប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ច្បាស់លាស់ មានស្នាដៃ មានសីលធម៌ មានគុណធម៌ មានសុជីវធម៌ និងមានសុខភាពល្អ។
គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្លាប់មានប្រសាសន៍ថា «កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាព ចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។ ដូច្នេះ មិនមែនជាការចៃដន្យឡើយ ដែលយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាព គន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត»។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ដំណើរនៃការឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ដូច្នេះគឺចាំបាច់បំផុតត្រូវការមូលធនមនុស្សប្រកបដោយគុណភាព ដើម្បីធ្វើការប្រកួតប្រជែងខ្ពស់។ កម្ពុជា បានដាក់បង្គោលចររួចទៅហើយ ដើម្បីសម្រេចបង្គោលចរចំនួន២ នៅក្នុងរយៈពេល២៥ឆ្នាំ ដូចនេះ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទី១ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួង ស្ថាប័នទាំងអស់ ដែលចំណុះឱ្យរាជរដ្ឋាភិបាល គឺបានរៀបចំផែនការជាច្រើនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្រសួង ស្ថាប័នរបស់ខ្លួន ឱ្យដើរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចឱ្យមាននូវការកសាងមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅពេលប្រទេសអភិវឌ្ឍន៍ ធនធានមនុស្សមិនអាចខ្វះបានជាដាច់ខាត ធនធានមនុស្សមិនអាចធ្វើការងារដោយចុងដៃ ចុងជើងនោះទេ។ ប្រទេសជាតិរីកចម្រើន គឺចាំបាច់បំផុតធនធានមនុស្ស ដូច្នេះហើយនៅក្នុងក្របខណ្ឌនេះក្រសួងព័ត៌មាន បានរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ដែលសំដៅលើធនធានមនុស្សប្រកបដោយសមត្ថភាព ទេពកោសល្យ គោរពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ជាកត្តាគន្លឹះ និងមានសក្តានុពលដែលគាំទ្រដល់គ្រប់ដំណើរការអភិវឌ្ឍន៍ ពីព្រោះថាស្ថាប័ននីមួយៗ មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផលិតភាពឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។
បើតាមលោកស្រី ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។ លោកស្រីអគ្គនាយិកាបានគូសបញ្ជាក់ថា កន្លងមកការអនុវត្តការងារ អង្គភាពមួយចំនួនអនុវត្តស្របតាមនីតិវិធីរដ្ឋបាល ប៉ុន្តែមានរបៀបរបបឬលំនាំនៃការអនុវត្តផ្សេងគ្នា រីឯអង្គភាពមួយចំនួនទៀតអនុវត្តពុំទាន់ត្រឹមត្រូវតាមនីតិវិធី ជារួមគឺអនុវត្តការងារដោយឈរលើមូលដ្ឋានផ្សេងៗគ្នាតាមចំណេះ និងបទពិសោធន៍ដែលធ្លាប់អនុវត្តកន្លងមក។
ក្នុងន័យនេះ ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងសង្គតិភាពការងារ ជាពិសេសធានាឱ្យបានថាមន្ត្រីរាជការគ្រប់រូបយល់ដឹងច្បាស់ពីនីតិវិធីនៃការគ្រប់គ្រងនិងចរន្តឯកសារ របៀបរបបនៃការតាក់តែងខ្លឹមសារលិខិតរដ្ឋបាល និងចៀសវាងការអនុវត្តការងារត្រួតឬជាន់ដែនសមត្ថកិច្ចគ្នា គឺតម្រូវឱ្យមន្ត្រីរាជការ និងជំនួយការថ្នាក់ដឹកនាំពង្រឹងសមត្ថភាពនិងការយល់ដឹងបន្ថែមលើមូលដ្ឋាននៃការអនុវត្តការងារឱ្យបានត្រឹមត្រូវតាម នីតិវិធី និងការណែនាំដូចមានចែងក្នុងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន។ ទន្ទឹមនឹងនេះវគ្គបណ្តុះបណ្តាលនេះ ក៏មានការបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងនីតិវិធីនៃការរៀបចំបេសកកម្មជូនដល់សិក្ខាកាមបានជ្រួតជ្រាប និងជាមូលដ្ឋានក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួម ចាប់ពីមន្ត្រីរហូតដល់អនុប្រធាននាយកដ្ឋានដែលទទួលបន្ទុកការងាររដ្ឋបាល មកពីការិយាល័យ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ និងអង្គភាពនានាចំណុះក្រសួងចំនួន ១១៦នាក់ ។ ទន្ទឹមនឹងនេះ នៅក្នុងវគ្គបណ្តុះបណ្តាលបានរៀបចំមុខវិជ្ជា ចំនួន ៥មុខវិជ្ជា ស្មើនឹង ៣០ម៉ោង និងមានវាគ្មិនចំនួន ៧រូប ដែលជាគ្រូឧទ្ទេស និងគ្រូជំនួយ ដែលមានជំនាញមួយចំនួនទៀត៕