អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។ ប៉ុន្តែ កងកម្លាំងកម្ពុជា ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជួនបំផុត។

ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ភាគីទាំងពីរត្រូវតែបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរព និងការអនុវត្តដោយស្មោះត្រង់ ពិតប្រាកដ ជាក់ស្តែងស្របទៅតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំពេញតួនាទីរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនបំផុត»

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា ក៏សូមគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៉ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងចំណុចទី២ ដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាញ្ញគណៈកម្មាធិការព្រំកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីទាំងពីរ បានឯកភាពគ្នារក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ននៃកងកម្លាំងរបស់ខ្លួនដែលមាននៅពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមិនត្រូវឱ្យមានការចល័តកម្លាំងកងទ័ព រួមបញ្ចូលទាំងការល្បាតសំដៅទៅកាន់ទីតាំងភាគីម្ខាងទៀត។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា កម្ពុជា ក៏បានស្នើយ៉ាងទទូចឱ្យភាគីថៃ អនុវត្តប្រកបដោយទំនួលខុសត្រូវ និងស្មោះត្រង់ដូចគ្នាផងដែរ ដើម្បីធានាឱ្យបាននូវការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន៕