ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតឱ្យ​ គណៈប្រតិភូក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នាព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប និងក្រុមហ៊ុន អ៊ូហាន់ ឈូយាវ តិចណូឡូជី ឯ.ក ជាក្រុមហ៊ុនដៃគូសហការ ដឹកនាំដោយ ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវសេចក្តីថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនលោក និងក្រុមហ៊ុនជាដៃគូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ។

ជាមួយគ្នានេះ លោកបានគោរពជម្រាបអំពីសាវតានៃការចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុប មានជាអាទិ៍៖ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្តះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូលគ្រឿងសំណង់, និងក្រុមហ៊ុនសាងសង់។ល។ បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានជម្រាបអំពីផែនការក្នុងការពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការវិនិយោគថ្មីៗដូចជា៖ ការវិនិយោគលើផ្នែកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងកាវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូល ជាដើម។

ឆ្លើយតបទៅនឹងការលើកឡើងអំពីផែនកាវិនិយោគខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែមទៀត ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស រួមមាន៖ ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, និងឧស្សាហកម្មពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្ត ជាដើម។

លើសពីនេះ ឯកឧត្តម ក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារវិនិយោគ រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគ កាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ ប្រកបដោយភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល ប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ក្នុងការដាក់ពាក្យស្នើសុំវិនិយោគផងដែរ៕