នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិនសិក្សាដែលកំពុងនៅសហរដ្ឋអាមេរិក នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូលនិធិអាប៉ូឡូ (Apollo Foundation) ដែលបានមកសិក្សាឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Global Sunshine Group ដែលបាននិងកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន បានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោសសម្អាតមីននេះ អាចដំណើរការបានគ្រប់ជ្រុងជ្រោយ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាមីនដែលនៅសេសសល់ រាជរដ្ឋាភិបាលអាណត្តិទី៧របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និងដឹកនាំឥតងាករេ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន ការរួម ចំណែករបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែលមកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជា នាពេលកន្លងមក ក្នុងនោះរួមទាំងការងារបោសសម្អាតមីន ផងដែរ៕


