ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត នារសៀលថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡៃ តែល វីរកងទ័ពជួរមុខ នៃវរសេនាតូចការពារព្រំដែនគោកលេខ៧៩៣ ឈរជើងនៅអានសេះ ខេត្តព្រះវិហារ ដែលរងគ្រោះដោយសារផ្សែងគីមីពុល អំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នបាននិងកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងឱកាសនេះឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត ក៏បាននាំយកនូវថវិកាចំនួន២លានរៀល និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួនថែមទៀត សម្រាប់ជាការដឹងគុណចំពោះវីរភាពការតស៊ូប្រយុទ្ធ ក្នុងសមរភូមិការពារជាតិពីសត្រូវឈ្លានពាន។
ឯកឧត្តមបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួនលោកផ្ទាល់ បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ លោកអនុសេនីយ៍ឯក ឡៃ តែល សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារប្រទេសជាតិ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕