កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់យោធិនទាំង១៨នាក់ ត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ និងមានរយៈពេល១៩ ថ្ងៃហើយ


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល១៩ ថ្ងៃហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់កម្ពុជាវិញនូវកងកម្លាំងទាំង១៨នាក់ ដើម្បីអាចឱ្យពួកគាត់អាចមកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ដែលទន្ទឹមរង់ចាំទាំងយប់ ទាំងថ្ងៃយ៉ាងទទូច»

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានថៃ បានចូលមកចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលគិតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល១៩ថ្ងៃមកហើយ។ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិ នៅតែបន្តទាមទារ រហូតដល់ភាគីថៃ ប្រគល់មកកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រជាពលរដ្ឋកម្ពុជា មិនទុកឱ្យសមាជិកណាម្នាក់ចោល និងឯកកោជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕