ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា សម្រែកទាមទារសន្តិភាពរបស់ពលរដ្ឋខ្មែរនៅគ្រប់ទិសទី បាននឹងកំពុងជ្រួតជ្រាបយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ ជាពិសេសដល់មេដឹកនាំនានាជុំវិញពិភពលោក ដែលធ្វើឱ្យពួកគេយល់ដឹងពីការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ, ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ដែរថា «បេះដូងស្រលាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងសម្រែកទាមទារចង់បានសន្តិភាពរបស់ពលរដ្ឋខ្មែរនៅគ្រប់ទិសទី កំពុងជ្រួតជ្រាបយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ ជាពិសេសដល់មេដឹកនាំពិភពលោក ដែលធ្វើឱ្យពួកគេយល់ដឹងពីការពិតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ»។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា បុព្វហេតុការពារសន្តិភាព ទាមទារយុត្តិធម៍ពីដំណាក់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ត្រូវបានពិភពលោកស្តាប់លឺពេញត្រចៀក និងបានយកចិត្តទុកដាក់កាន់តែខ្លាំង ដែលនេះបានសបញ្ជាក់ឱ្យឃើញថា ភាពសកម្មនិងក្លៀវក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនយោបាយការទូត និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋខ្មែរបានទទួលលទ្ធផលគាប់ប្រសើរ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ដែរថា ក្នុងនាមប្រជាជាតិដែលមានអរិយធម៌ខ្ពស់ សូមពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តការអត់ធ្មត់ រក្សាភាពថ្លៃថ្នូរ ចាស់ទុំ តែម៉ឺងម៉ាត់ស្វាត់ស្វាញ និងជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដើម្បីបោះជំហានឈានទៅសម្រេចគោលដៅរបស់យើង គឺការរស់នៅក្នុងសុខសន្តិភាព ក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕