នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០២វត្ត គឺវត្តស្បូវរីក និងវត្តកណ្តាល ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានប្រារព្ធនៅវត្តស្បូវរីក ដែលស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីសំណាក់ ព្រះអនុគណស្រុក លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងការបរទេស ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
បន្ទាប់ពីឯកឧត្តម ខូយ រីដា មានមតិស្វាគមន៍ និងថ្លែងអំណរគុណ នោះរួចមក, ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះព្រះសង្ឃ ថ្នាក់ដឹកនាំ និងលោកយាយ លោកតាទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ឆ្នាំ២០២៥នេះ គឺជាខួប៥០ឆ្នាំគត់ ដែលរូបឯកឧត្តម និងក្រុមគ្រួសារ ត្រូវបានគេជម្លៀស និងដឹកយកមកទម្លាក់ចោល នៅឃុំលាច ស្រុកភ្នំក្រវាញ និងបានរស់នៅទីនេះជិត៤ឆ្នាំ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពល ដែលជារបបដ៏ឃោរឃៅ បានសម្លាប់ប្រជាជនកម្ពុជាជាង ៣លាន ហើយត្រូវបានផ្លូលរំលំទៅវិញ ក្នុងឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់អ្នកស្នេហាជាតិខ្មែរ ក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ផងដែរ។
ឯកឧត្តម ប្រាក់ សុខុន បានបន្តថា យើងបានរស់រានមានជីវិត មានឱកាសស្ម័គ្រចិត្តស្ម័គ្រកាយ បម្រើជាតិមាតុភូមិ រហូតកសាងបានសមិទ្ធផលនានាជាហូរហែរ រួមទាំងការប្រារព្ធពិធីប្រគេនទៀនវស្សានេះ អាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលបានមកដោយសារការយកជីវិតជាដើមទុន និងការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំប្រកបដោយថាមវន្ត របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវនៅចំពោះមុខប្រជាជន ហើយការពារមិនអនុញ្ញាតឱ្យបរទេសឈ្លានពាន រំលោភយកទឹកដីរបស់កម្ពុជា សូម្បីមួយមីលីម៉ែត្រ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយបន្ដគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ។
សូមបញ្ជាក់ដែរថា ទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ដែលត្រូវវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០២វត្ត ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយក្នុងមួយវត្តៗប្រគេន៖ ទៀនព្រះវស្សា០១គូរ, សាដកស្បង់១៨ឈុត, អង្ករ៥០០គីឡូក្រាម, ត្រីងៀត១០គីឡូក្រាម, សាច់ក្រក០៥គីឡូក្រាម, សៀង១០គីឡូក្រាម, ផ្អក១០គីឡូក្រាម, ទឹកស៊ីអ៊ីវ១០យួរ, ទឹកត្រី១០យួរ, មី១០កេស, ឆៃប៉ូវផ្អែម១០គីឡូក្រាម, ប្រេងឆា១០លីត្រ, ទឹកផ្លែឈើ និងទឹកក្រូច០៥កេស, ទឹកបរិសុទ្ធ១០កេស, តែ០២កញ្ចប់, សាប៊ូ០៣កញ្ចប់ និងបច្ច័យកសាងមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានចុះពិនិត្យមើលព្រះវិហារ នៃវត្តស្បូវរីក ដែលកសាងឡើង ក្នុងអំឡុងឆ្នាំ១៩៤៧ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង១២ម៉ែត្រ ភាគច្រើនកសាងអំពីឈើ មានសសរ៧៤ដើម មានដើមកកោះ និងផ្ចឹក។ កាលទើបនឹងលើកហើយថ្មីៗ ព្រះវិហារនេះ ប្រក់ស្លឹកត្នោត (អស់ប្រហែលជា៦,០០០ដងកណ្តប) លុះបានប្រហែលជាមួយឆ្នាំ ទើបប្រក់ក្បឿងស្រកានាគ៕