អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋទូទាំងប្រទេស គោរពស្ងប់ស្ងែងចំពោះវីរភាពដ៏អង្គអាចក្លាហានរបស់កងទ័ពយើង


នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូននាយទាហាននៅកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅឃុំច្រេះ ស្រុកជលគីរី ខេត្តកំពត រសៀលថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ ២០២៥ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានថ្លែងប្រាប់កងទ័ពពីការរួបរួមសាមគ្គីគ្នាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវជាង១លាននាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រចំពោះវីរៈភាពល្អអាចក្លាហានរបស់កងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពានក្នុងបុព្វហេតុការពារបូរណភាពទឹកដី។

ឯកឧត្តមអភិបាលខេត្តតាកែវបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពហើយគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនៅសមរភូមិមុខ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយ ជាពិសេសប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូលមានការគោរពស្ងប់ស្ងែង និងបាននាំគ្នារៃអង្គាសសម្ភារ ថវិកាគ្រប់បែបយ៉ាងនាំយកមកផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីបន្តយកមកចែកជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ។

ឯកឧត្តម វ៉ី សំណាង បានបន្តថា សង្រ្គាម៥ថ្ងៃជាមួយហានឈ្លានពានសៀម បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ជាពិសេសបាននាំគ្នាបរិច្ចាគសម្ភារ និងថវិកាផ្ដល់ជូនវីរកងទ័ពដ៏អង់អាចក្លាហានដែល ប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន៕