ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល


ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅទូទាំងស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល សរុបចំនួន២០៤នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម បានជម្រាបជូនអង្គពិធីសំណេះសំណាលថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ គឺជាយន្តការមួយក្នុងចំណោ ម យន្តការនានារបស់ព្រឹទ្ធសភា មានតួនាទីជាតំណាងការ ពារសិទ្ធិ, ផលប្រយោជន៍ក្រុម ប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ, ជួយការងារសង្គម និងការអភិវឌ្ឍក្នុងភូមិភាគរបស់ខ្លួន។

ហើយនៅពេលនេះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចុះមកជួបសំ ណេះសំណាល ក្នុងគោលបំណងផ្សារភ្ជាប់ និងរួមប្រា ស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ប្រព័ន្ធគាំពារសង្គម និងវិស័យកសិកម្ម» និងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ សួស សារ៉ាម ក្រុមសមាជិកាព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បានធ្វើ បទ បង្ហាញផ្សព្វផ្សាយអំពីផទ្ធផលនៃកិច្ច ប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាក់ទងប្រធានបទ «ប្រព័ន្ធគាំពារសង្គម» ដោយបានលើកឡើងថា គ្រប់ដំណាក់កាលទាំងអស់ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខាភិបាល ការអប់រំ សេវាសង្គម និងការសាងសំណាញ់សុវត្ថិភាពសង្គម ជូនបងប្អូនប្រជាពលរដ្ឋយើង។លោកជំទាវ បានគូសបញ្ជាក់ទៀតថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឱ្យមានភាពរឹងមាំ ភាពធន់ និងប្រសិទ្ធភាព, រាជរដ្ឋាភិបាលនីតិកាលទី៧ បានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ចំនួន៣៖ ទី១- ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២-ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ, និង ទី៣- ក្របខណ្ឌស្ថាប័ន។

បន្ទាប់លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បានធ្វើបទអន្តរាគមន៍ទាក់ទងនឹងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយបានលើកឡើងអំពីផលប្រយោជន៍ និងសារសំខាន់ នៃការចុះឈ្មោះចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ និងកម្មវិធីគោលនយោបាយអាទិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបរបរ និងអ្នកធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើយ៉ាងណាឱ្យមុខរបររបស់ពួកគាត់រីកធំធាត់ និងមានលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមដូចអ្នកធ្វើការងារក្នុងប្រព័ន្ធ។ ទន្ទឹមនឹងនេះ លោកទំទាវបណ្ឌិតបានបញ្ជាក់ថា ក្នុងស្មាតីរួមគ្នាជាធ្លុងមួយ នៅពេលនេះមានប្រជាពលករជាច្រើន ដែលបានវិញត្រឡប់មកពីប្រទេសថៃ លោកជំទាវ បានជំរុញឱ្យអាជ្ញាធរទាំងអស់ជួយសម្រួល និងគិតគូរអំពីការផ្តល់សេវាសាធារណៈ ការចុះបញ្ជីអត្រានុ កូលដ្ឋាននិងជួយរកការងារឱ្យប្រជាពលករយើង។

លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា ការងារចុះបញ្ជីអត្រានុកូលដ្ឋាននេះ គឺបានផ្សារភ្ជាប់ និងមានទំនាក់ទំនងនឹងការធ្វើសំបុត្រអាពាហ៍ពិពាហ៍ ការធ្វើអត្តសញ្ញាណប័ណ្ណ ការទទួលបានប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ។

ឆ្លងតាមការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដាច់ដោយឡែកពីគ្នារួចមក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ដោយឡែកចំពោះបញ្ហាប្រឈម និង សំ ណូមពរនានា ដែលក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានលើកឡើង ក្រុម ស មា ជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចូលរួមដោះស្រាយ និងគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ សភា ដើម្បីធ្វើ អន្តរាគមន៍ទៅក្រ សួងពាក់ព័ន្ធចាត់វិធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអំពីការវិវត្តសភាពការណ៍ថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង និងការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែនជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។ ឯកឧត្តមប្រធានក្រុម បានកត់សម្គាល់ប្រកបដោយមោទនភាពជាតិខ្ពស់ និងក្តីរំភើបជាអតិបរមា ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងសាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ក្នុងការចូលរួមឧបត្ថម្ភ គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ជួយដល់វីរៈយុទ្ធជន ដែលកំពុងក្រាញននៀលការពារទឹកដីមាតុភូមិកម្ពុជា។

ទម្ទឹមនេះ សូមបងប្អូនជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេ ជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់វិធានការណ៍រការពារទឹកដីមាតុភូមិនេះមិនឱ្យបាត់ បង់សូម្បីតែមួយមីលីម៉ែត្រឡើយ និងដោះស្រាយវិវាទព្រំប្រទល់ជា មួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។

ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយ របស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ ចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណា យ ថវិកាសរុបទាំងអស់ចំនួន ១១,១៥០,០០០រៀល (ដប់មួយលានដបប្រាំម៉ឺនរៀល៕