(បាត់ដំបង)៖ លោកស្រី រិទ្ធថា លីហ្សា និងស្វាមី ព្រមទាំងសប្បុរសជន និស្សិតខ្មែរ រៀនសហរដ្ឋអាមេរិក បានប្រគល់អង្រឹងសរុបចំនួន៧៤០ ស្មើនឹងទឹកប្រាក់៥,២០០ដុល្លារ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រគល់ជូនកងទ័ពជួរមុខបន្តដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ កំពុងឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលជាតំណាងសប្បុរសជន និស្សិតខ្មែរនៅអាមេរិក បានអញ្ជើញប្រគល់ជូនឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិ តាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាអង្រឺងសរុប ចំនួន៧៤០អង្រឹង ស្មើរនឹងទឹកប្រាក់៥,២០០ដុល្លារ ជូនដល់រដ្ឋបាលខេត្ត សម្រាប់ចូលរួមជួយគាំទ្រដល់កងកម្លាំងជួរមុខដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។
ឯកឧត្តម សុខ លូ បានអំពាវនាវដល់សប្បុរសជន សូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតទៅតាមលទ្ធភាពរៀងៗខ្លួនបន្តទៀតផងដែរ៕