រដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នៅថ្ងៃទី២៥ ខែសីហា ដើម្បីពិភាក្សានិងអនុម័តលើ សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។

ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ។

រាជរដ្ឋាភិបាលបានស្នើមករដ្ឋសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទំាងពីរខាងលើ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានប្រគល់សេចក្តីព្រាងច្បាប់ទំាងពីរនេះ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។

ក្រោយគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីរួចរាល់ហើយ ទើបគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី សញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា សប្តាហ៍ក្រោយនេះ៕