ក្នុងជំនួបជាមួយ​រដ្ឋមន្ត្រី​ កែវ រតនៈ ​ក្រុមហ៊ុនប្រេង Total របស់បារាំង ធានាលទ្ធភាពផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ


(ភ្នំពេញ)៖ ​អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ។

ការបញ្ជាក់ថានេះ ធ្វើឡើងក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។

ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង​ឱ្យកម្ពុជា។

ក្រុមហ៊ុន​ Total Energies គឺជាក្រុមហ៊ុនធំមួយ ដែលបានវិនិយោគលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាជាច្រើនឆ្នាំមកហើយ និងមានស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងពេលដែលកម្ពុជាមានជម្លោះជាមួយថៃ ក្រុមហ៊ុននេះ បានបញ្ជាក់ជំហរក្នុងការពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ៕