ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងសប្បុរសជននាំអំណោយជាគ្រឿងសម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់កងទ័ពជួរមុខនៅទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ


(ឧត្តរមានជ័យ)៖ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាមាន់ធំ ដែលកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពានថៃ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីវកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុង កិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ ដោយក៏សម្តេច តែងតែនៅរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋ ពិសេសជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមិនអាចបំភ្លេចបាននូវ គុណូប្បការៈ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនយើងឡើយ និងបាន ដោះស្រាយបញ្ហា ការលំបាក និងលើកកម្ពស់ជីវភាពរបស់យុទ្ធជន ជាមួយក្រុមគ្រួសារ ដែលនេះបានបង្ហាញពីឆ្លើយ តបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនយុទ្ធជនក្នុងបុព្វហេតុជូនប្រទេសជាតិមាតុភូមិ៕