លោកជំទាវបណ្ឌិត ជា សិរី ចុះសួរសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែក របស់ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី


(ភ្នំពេញ)៖ នៅថ្ងៃទីថ្ងៃ២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួម និងលោកវេជ្ជបណ្ឌិត ងី ម៉េង បានអញ្ជើញសាកសួសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែកដែលបាន និងកំពុងតែបន្តពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation)នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

តាមការបញ្ជាក់ពីមន្ត្រីសម្របសម្រួលការងាររបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមានជំងឺភ្នែកដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺភ្នែកលើកនេះគឺមកពីស្រុកសន្ទុកខេត្តកំពង់ធំ ប្រមាណជា៣០០នាក់ ហើយសម្រាប់ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតគិតថ្លៃពីក្រុមគ្រូពេទ្យមនុស្សធម៌មក ពីប្រទេសអូស្ត្រាលីលើកនេះ​ ក៏ដូចលើកមុនៗដែរគឺ​ ទទួលការជួយឧបត្ថម្ភ​ និងទំនុបបម្រុងដូចជាការធ្វើដំណើរការស្នាក់នៅ​ និងការហូបទាំងពី​ សំណាក់លោកស្រីបណ្ឌិត ជា សិរី។

សូមបញ្ជាក់ជូនថា សកម្មភាពមនុស្សធម៌នេះបានរៀបចំធ្វើការពិនិត្យ និងព្យាបាលជូនចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥មកម្លេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ_សូវៀត។

ជារួមសកម្មភាពកម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដែលមានជំងឺភ្នែកលើកនេះ គឺមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត របស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការដោយការយកចិត្តទុកដាក់ យ៉ាងសកម្មពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ក្នុងនោះក៏មានការរួមពីក្រុមបុគ្គលិករបស់ធនាគារឯកជនជាដៃគូផងដែរ។

សូមជម្រាបថា ប្រជាពលរដ្ឋដែលមកទទួលយកការព្យាបាលជំងឺភ្នែកទាំងអស់ សុទ្ធតែមានការវិនិច្ឆ័យយ៉ាងច្បាស់លាស់ កាលពីអំឡុងនៃពិនិត្យកាលពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៤នៅស្រុកសន្ទុកកន្លងទៅនេះ។

ក្នុងអំឡុងពេលពិនិត្យ និងព្យាបាលនេះ គឺទទួលបានការតាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ពីលោកជំទាវបណ្ឌិត ជា សិរី ក្នុងនោះរួមទាំងដូចជាការស្នាក់នៅ និងការឧបត្ថម្ភនានា រហូតដល់ការរួចរាល់ និងការវិលត្រឡប់ទៅផ្ទះវិញផងដែរមិនឲ្យប្រជាពលរដ្ឋមានការបារម្ភនោះឡើយ៕