(ព្រះវិហារ)៖ នៅរសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានអញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។
សូមបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ។
កម្ពុជាគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕