អាជ្ញាធរខេត្តបាត់ដំបង បន្តនាំយកអំណោយសប្បុរសជន ប្រគល់ជូនកងកម្លាំង ដែលឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង


(បាត់ដំបង)៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំគណៈប្រតិភូមន្ទីរ អង្គភាពជុំវិញខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជននានា ដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនដល់កងកម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ កំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែក ជួយជាតិតាមរយៈសមរភូមិក្រោយ ជួយសមរភូមិជួរមុខ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិ តាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង៕