(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកអំពីលក្ខខណ្ឌមួយ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កន្លងទៅ នោះគឺការព្រមព្រៀងរវាងកម្ពុជា-ថៃ មិនផ្សព្វផ្សាយព័ត៌មានមិនពិត។ ទាក់ទងនឹងលក្ខខណ្ឌនេះ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយមិនផ្សព្វផ្សាយ និងមិនគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតឡើយ។
ថ្លែងក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដូច្នេះថា «ចំពោះកម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត»។
កម្ពុជាបន្តអំពានាវឱ្យភាគីថៃអនុវត្តទៅតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ក្នុងនោះក៏មានការបញ្ជូនយោធិនដែលថៃចាប់ខ្លួន១៨នាក់ ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។ ការទាមទារឱ្យដោះលែងនេះ មិនមែនតែកម្ពុជាទេ សូម្បីសហគមន៍អន្តរជាតិ ក៏បានអំពាវនាវឱ្យថៃដោះលែងផងដែរ ព្រោះថៃបានចាប់ខ្លួន យោធិនកម្ពុជា ៨ម៉ោងក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការពារបានបន្ថែមថា ការអនុវត្តបទឈប់បាញ់បានយ៉ាងពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែជាអ្វីដែលប្រជាជនទាំងពីរចង់បាននោះទេ ក៏ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនសម្តែងការអបអរសាទរ និងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
កម្ពុជាបានប្តេជ្ញាធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
បើតាមអ្នកនាំពាក្យរូបនេះ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្រសួងការពារជាតិសង្កេតឃើញថា មានការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ ជាមូយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំ GBC និង RBC ជាដើម។ ដូច្នេះវាជាការចាំបាច់ ដែលភាគីទាំងពីរ ត្រូវតែកសាងលើការវិវត្តវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេស ការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕