ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវពលរដ្ឋគ្រប់សាសនានៅកម្ពុជាបន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!


ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។

បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននិងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានបន្តប្តេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយមោទនភាព យ៉ាងក្រៃលែង ចំពោះភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនាទាំងអស់នៅកម្ពុជា ដែលតែងតែរួមរស់ជាមួយគ្នាដោយសុខសាន្ត និងមានសាមគ្គីភាព សហការល្អគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់ ពោលគឺបានរួមគ្នាជាធ្លុងមួយ ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះប្រមុខក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការជួបជុំនារសៀលនេះ គឺជាការបង្ហាញអំពីស្មារតី សាមគ្គីភាព ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃសុខសន្តិភាពរបស់សង្គមជាតិ ធ្វើឱ្យមនុស្សទាំងឡាយទទួលបាននូវសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត ចាកទុក្ខភ័យ គ្រោះចង្រៃ និងវិនាសកម្មទាំងឡាយ ដែលបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី។

យោងតាមរបាយការណ៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆមាសទី១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ៩៩ករណី ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ គឺថយចុះ ០៥ករណី ស្មើនឹង ៤.៨០%។

លោកជំទាវបានបន្ថែមថា ក្នុងនោះ អំពើជួញដូរមនុស្សបង្រ្កាបបាន ២៧ករណី (កើន៥ករណី) ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់ (ស្រី៤នាក់) និងអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបាន ៧២ករណី (ថយចុះ ១០ករណី) ឃាត់ខ្លួនជនសង្ស័យ ៩៣នាក់(ស្រី ១៩នាក់) ជនជាតិវៀតណាម១នាក់ និងជនជាតិចិនចំនួន ០៦នាក់៕