ក្រសួងធនធានទឹក និងឧតុនិយម៖ ​ចាប់ពីថ្ងៃទី២១ ដល់ទី៣១ ខែសីហា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់​គ្របដណ្តប់ស្ទើរទូទាំងប្រទេស


(ភ្នំពេ​ញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ​បានចេញ​សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ​ដោយបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និង​កម្ពុជា ​ធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​។

​ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។

៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅ ច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបង ប្អូនដែលធ្វើដំណើរតាមផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថាន ភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕