ប្រធានអាស៊ាន ឯកឧត្តម Anwar ថ្លែងថា សំណើបន្ថែមក្រុមអ្នកសង្កេតការណ៍ គឺដើម្បីធានាសុវត្ថិភាពនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាការជ្រៀតជ្រែកទេ


(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim បាននិយាយថាសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍បន្ថែមដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺមានគោលដៅតែមួយគត់ក្នុងការធានាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ មិនមែនជាការលូកលាន់កិច្ចការរបស់ប្រទេសទាំង២ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថាក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ត្រូវបន្ថែមសមាជិកដើម្បីឱ្យមានតុល្យភាព។ «ជាឧទាហរណ៍ យើងមានសមាជិក១០រូបនៅក្នុង ទីក្រុងបាងកក តែយើងមានតែ២រូបប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះយើងចាំបាច់ត្រូវបង្កើនសមាជិកបន្ថែម»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម Anwar។ តាមឯកឧត្តម Anwar ប្រសិនបើ មិនគ្រប់គ្រាន់ទេ សមាជិកបន្ថែមអាចយកចេញពីអនុព័ន្ធយោធា និងស្ថានទូត និងគាំទ្រក្រុមការងារផ្សេងទៀត។

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់ឯកឧត្តម Anwar ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai​ បានទាត់ចោលសំណើបញ្ជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បន្ថែម ទៅតាមដានការអនុវត្តបទឈប់បាញ់នៅ​ឯតំបន់ព្រំដែនកម្ពុជា និងថៃ៕