(កំពង់ចាម)៖ ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទុបទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា: ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកហ្នឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតនោះទេ។ ក្នុងនាមមេបញ្ជាការសូមផ្ដេជ្ញាចិត្តការពារមរណភាពទឹកដីទប់ទល់មិនឱ្យទ៏ពសៀមទន្ទ្រានយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត។
សូមបញ្ជាក់ថា មានការប្រយុទ្ធគ្នាដល់ក្តៅគគុករវាងសៀមមកលើកម្ពុជា កងកម្លាំងប្រដាប់អាវុធជួរមុខមានទាំងនគរបាលទាហានបានប្រយុទ្ធគ្នារហូតដល់ទៅ៥ថ្ងៃ (២៤ដល់២៨កក្កដាឆ្នាំ២០២៥ )នាពេលកន្លងទៅ។
ជាមួយនោះតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោសែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចលនាសប្បុរសជន ដោយបានយកអំណោយទៅចាយជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងនៅខេត្តព្រះវិហារ និងឧត្តមានជ័យ ជាមួយនោះក៏បានចែកចំណោយដល់កងកម្លាំងជួរមុខទៀតផង។
ក្រៅពីនេះក៏សង្កេតឃើញមានសប្បុរសជនគ្រប់ទិសទីបានបង្កើតកម្លាំងមហាសាមគ្គីបរិច្ចាកធនធានផ្ទាល់ខ្លួនយកទៅចែកជូនដល់អ្នកភៀសសឹកព្រមទាំងកម្លាំងប្រដាប់អាវុធជួរមុខធ្វើឲ្យពួកគាត់មានកម្លាំងចិត្តពុះពារតស៊ូក្រាញននៀលទប់ទល់មិនឱ្យមានការឈ្លានពានពីសំណាក់ទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជា៕









