ឯកឧត្តម ឆាយ ឫទ្ធិសែន​ បានទទួលជួបសំណេះសំណាល សាកសួរសុខទុក្ខនិវត្តជន នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២១រូប


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្របញ្ជាក់ស្នាដៃការងារដល់និវត្តជន នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២១រូប ដោយមានវត្តមានពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង។

ជាកិច្ចចាប់ផ្តើម លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានធ្វើរបាយការណ៍សង្ខេបជូនអង្គពីធី ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ មាននិវត្តជនចំនួន ២២រូប ស្រី ៦រូប ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ថា គោលបំណងនៃជំនួបគឺដើម្បីសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះនិវត្តជនគ្រប់រូបដែលបានចូលរួមបម្រើ និងអភិវឌ្ឍប្រទេសជាតិលើវិស័យអភិវឌ្ឍន៍ជនបទ ប្រកបដោយជោគជ័យនាពេលកន្លងមក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថាសមិទ្ធផលដែលបង្កើតដោយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ជំនាន់មុននេះគឺទុកជាមូលដ្ឋានគ្រឹះ និងបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយដើម្បីបន្តខិតខំសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើដល់និវត្តជនទាំងអស់ ឱ្យរក្សានូវទំនាក់ទំនង តាមរយៈការចូលរួមជាសមាជិកសមាគមស័ង្គហមិត្តមន្ត្រីអភិវឌ្ឍន៍ជនបទ ដែលជាសមាគមដែលយកចិត្តទុកដាក់មន្ត្រីមានអាជីបអភិវឌ្ឍន៍ជនបទទាំងអស់ ។

ជាមួយគ្នានោះ លោក ចាន់ វុត្ថា តំណាងនិវត្តជន បានមានចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី ព្រមទាំងបានបង្ហាញពីមោទនភាពចំពោះការបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងអស់ពីកម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ជាកិច្ចបញ្ចប់ ចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់កិត្តិយសប្រគល់ជូន វិញ្ញាបនបត្ររដ្ឋបាល និងវត្ថុអនុស្សាវរីយ៍ជូននិវត្តជនទាំងអស់ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេលកន្លងមក៕